Friday, January 29, 2016

យប់​មួយ​​នៅ​ឆ្នេរ​ដាច់​សង្វែង​!!!

ខ្មោច​ព្រាយ​បិសាច​នៅ​តែ​ជា​អាថ៌កំបាំង​ដ៏​សំខាន់​លើ​ផែនដី​ មិន​អាច​មាន​ការ​បកស្រាយ​ច្បាស់លាស់​នៅ​ឡើយ​។ ….ម្នាក់ៗ​ចូលចិត្ត​ស្ដាប់​ពី​រឿង​អស់​នេះ ​ប៉ុន្តែ​អ្នក​ខ្លះ​ជឿ​ អ្នក​ខ្លះ​មិន​ជឿ​ អ្នក​ខ្លះ​ខ្លាច ​អ្នក​ខ្លះ​ក៏​មិន​ខ្លាច…. តួ​យ៉ាង​​​ដូច​យុវវ័យ​​បួន​នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​លំហែ​តាម​​រថយន្ត​ធុន ​តូច​មួយ​តាម​ផ្លូវ​ជាតិ​លេខ​៤។
«ស្អី​គេ! បាត់​ខ្លួន​ទៀត​ហើយ​!? ឥលូវ​ឃើញ​តែ​ដំណឹង​ប្រកាស​រក​កូន​​ស្រី​បាត់​ពី​ផ្ទះ​រហូត!»
ចាន់​អាន​កាសែត​ដែល​ខ្ចប់​ចេក​ចៀន​ប្រឡាក់​ប្រេង​រងើម។
ឯ​វិបុល​ ដៃ​នៅ​ដាក់​លើ​ចង្កូត​ឡាន​បណ្ដើរ​ លូក​មាត់​ឆ្លើយ​ឆ្លង​បណ្ដើរ៖
«រត់​តាម​សង្សារ​ដឹង​វ៉ី?​! ស្រី​ៗ​ឥលូវ​យ៉ាប់​ណាស់​! ឃើញ​ផុស​តែ​វីដេអូ​ជេរ​គ្នា​តាម​ហ្វេសប៊ុក​!»
«​សម័យ​អ៊ីនធឺណិត​វា​អ៊ីចឹង​ហើយ​! ហាហា…» ចាន់​តប​ធ្វើ​ហី​។
ម៉ានិត​ដក​ដៃ​ពី​ហ្វេសប៊ុក​មក​ចូល​រួម​វិភាគ​នឹង​គេ​ដែរ៖
«អត់​​យក​សោះ​ឡើយ​​​ស្រី​ធុន​ហ្នឹង​​! ស្រួល​មិន​ស្រួល​ ថ្ងៃ​ក្រោយ​ខឹង​ឯង​ ជេរ​ដល់​ម៉ែ​ឪ​ឯង​ទៀត!»

ម៉ោង​៥​ល្ងាច…. ព្រះ​អាទិត្យ​លាចាក​មេឃា​ទៅ​ហើយ ​ទើប​ពួក​គេ​មក​ដល់​ទី​រួម​ខេត្ត​ដែល​ពេញ​ប្រៀប​ដោយ​ភ្ញៀវ​ទេសចរ….
ប៉ុន្តែ​គម្រោង​នៃ​វិស្សមកាល​របស់​ពួក​គេ​លើក​នេះ​ គឺ​រក​កន្លែង​មួយ​ថ្មី​ណា​មួយ​ដែល​មាន​អារម្មណ៍​​បែប​ផ្សង​ព្រេង​​មាន​មនុស្ស​ស្គាល់​តិច​ ហើយ​បោះ​តង់​គេង​ជាមួយ​ធម្មជាតិ។
ថ្ងៃ​មិញ​មេឃ​ស្រឡះ​បើក​ថ្ងៃ​ក្ដៅ​ហែង​សោះ​ គ្រាន់​តែ​ឡាន​បោល​កង់​ជាន់​ទឹក​ដី​សមុទ្រ​ភ្លាម​ មេឃ​ចាប់​ផ្ដើម​ស្រទំ​ រក​កល​ចង់​ភ្លៀង​តិច​អី​តិច។ គិត​ទៅ​ទឹកដី​សមុទ្រ​ អាកាស​ធាតុ​ប្រែ​ប្រួល​លឿន​មែន។
ចេញ​ផុត​ពី​ទី​រួម​ខេត្ត​បាន​ជាង​៥​គីឡូ​ម៉ែត្រ…. ភាព​អ៊ូអរ​នៃ​ទីក្រុង​ទេសចរ​ល្បី​ឈ្មោះ​ចាប់ផ្ដើម​រសាយ​បាត់…. មិន​យូរ​ប៉ុន្មាន​​ ស្លាក​មួយ​នៅ​ខាង​ឆ្វេង​ដៃ​មាន​ជា​​អក្សរ​ធំ​ៗ​ថា “ឆ្នេរ​សុខសាន្ត” បង្ហាញ​នៅ​ពី​មុខ​កែវភ្នែក​អ្នក​ចម្ងាយ​ទាំង​៤​ដែរ។
«ចូល​នេះ​ហ្មង​ទៅ​អ្ហី?!»
«អើ! កន្លែង​អី​អ្ហ៎ា ដូច​មិនដែល​ឮ?!»
វិបុល​មិន​រង់ចាំ​ចម្លើយ​យល់​ព្រម​គ្រប់​គ្នា​ទេ គេ​បត់​ឡាន​យឺត​ៗ​ ចូល​តាម​ផ្លូវ​តូច​នោះ។

….នៅ​ពី​ក្រោយ​ផ្លាក​ចាស់​រុំ​ព័ទ្ធ​ដោយ​រុក្ខជាតិ​នោះ ផ្លូវ​ចូល​ជា​ផ្លូវ​​លំ​តូច​ចង្អៀត​ដែល​​ដើម​ឈើ​តូច​ធំ​ដុះ​ដង្ហែ​អម​សង​ខាង​ផ្លូវ​ ស្ងាត់​សូន្យ​ងងឹត​ព្រិល​ ឮ​សូរ​តែ​ចាប​យំ​ គ្មាន​មនុស្ស​ម្នាក់​សោះ។
ទ្រនិច​នាឡិកា​ចង្អុល​លេខ​​ម៉ោង​៦….
«តិច​មេឃ​ភ្លៀង​ទៅ? ពួក​ឯង​មើល​ម៉ោង​​៦​សោះ ងងឹត​អី​ក៏​ងងឹត​ម៉េះ?»
«​ម៉ោង​៦​ហើយ ចង់​ឱ្យ​នៅ​ភ្លឺ​ដល់​ណា​ទៀត​? ស្រុក​មាត់​សមុទ្រ​វា​អ៊ីចឹង​ហើយ ឯង​ធ្វើ​មើល​តែ​មិន​ដែល​មក!» វិបុល​ភ្នែក​មើល​ផ្លូវ​បណ្ដើរ​ តប​នឹង​ម៉ានិត​បណ្ដើរ។
«តែ​វា​គ្មាន​ឃើញ​អ្នក​ស្រុក​ម្នាក់​សោះ​ ហើយ​ទូរសព្ទ​ក៏​អត់​សេវា​ទៀត!» ម៉ានិត​តប​ទាំង​ខ្វល់។
«​តិច​​វង្វេង​អា​បុល?!» ចាន់​មិន​បង្អង់​លូក​មាត់​ឱ្យ​ទាន់​សភាពការណ៍។
«​ជិះ​តែ​តាម​ផ្លូវ​ត្រង់ វង្វេង​ស្អី​អ្ហែង?!» វិបុល​ប្រកែក​ ហាក់​លួង​អារម្មណ៍​ខ្លួន​ឯង​និង​មិត្តភ័ក្ដិ​កុំ​ឱ្យ​ខ្លាច។
វណ្ណា​ដែល​ស្ងាត់​មាត់​មួយ​ល្ងាច​ហើយ លាន់​មាត់៖
«ស្អី​នោះ​វ៉ី?»
ឮ​តែ​ប៉ុណ្ណេះ​ ម្នាក់​ៗ​បើក​ភ្នែក​ចំហ​កាន់​តែ​ខ្លាំង​ពិនិត្យ​អ្វី​ម្យ៉ាង​ដែល​កំពុង​ប្រាកដ​ខ្លួន​នៅ​នឹង​មុខ​ឡាន​របស់​ពួក​គេ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ។ បើ​ជា​មនុស្ស​វា​មិន​អី​ទេ ចុះ​បើ​ជា​អ្វី​ម្យ៉ាង​ដែល​មិន​មែន​ជា​មនុស្ស​ តើ​ពួក​គេ​ត្រូវ​ធ្វើ​បែប​ណា​ទៅ បើ​ទី​នេះ​ស្ងាត់​ជ្រងំ​ ហើយ​ងងឹត​ទៀត​នោះ​? ចាន់​មិន​ចាំ​បាច់​មើល​ឱ្យ​ច្បាស់​សិន​ទេ ក៏​លូក​ដៃ​ទាញ​ខ្សែ​ក​រូប​ព្រះ​ពី​ក្នុង​ក​អាវ​មក​ផ្គុំ​ដៃ​ ហើយ​សូត្រ​ធម៌​ញាប់​មាត់។ ចំណែក​បី​នាក់​ទៀត​មិន​សូវ​ជា​ខ្លាច ហើយ​ឡាន​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទាំង​ចិត្ត​មិន​ស្រួល​ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា​ស្រមោល​ស្ទង់​ៗ​ដែល​នៅ​ខាង​មុខ​នោះ​ជា​អ្វី?

ស្រមោល​បាន​ក្លាយ​ជា​​លោក​យាយ​ម្នាក់​​ពាក់​អាវ​ស ពេល​ពួក​គេ​ចូល​ទៅ​កៀក។ ​គាត់​អង្គុយ​លើ​កូន​តូប​ឈើ​ចាស់​មួយ​​បាក់​បែក​ដោយ​អន្លើ​ ហើយ​មាន​បង្វេច​មួយ​នៅ​នឹង​ដៃ។ គាត់​បក់​ហៅ​ឡាន​ឱ្យ​ឈប់​ រួច​ដើរ​មក​ក្បែរ​គោះ​កញ្ចក់​តិច​ៗ។ ពួក​គេ​មើល​មុខ​គ្នា​ ហើយ​បុល​បង្ហើប​កញ្ចក់​ តែ​មិន​ទាន់​ស្ដី​អ្វី​នៅ​ឡើយ។
«យាយ​សុំ​ទៅ​ដោយ​សារ​ផង ផ្ទះ​យាយ​នៅ​ខាង​មុខ​នេះ​ទេ!»
​ម្នាក់​ៗ​ហាក់​កំពុង​គិត​ដល់​រឿង​ម្យ៉ាង…. គឺ​មិន​មែន​ខ្លាច​លោក​យាយ​ថា​ជា​ចោរ​ប្លន់​ទេ ក៏​មិន​សម​យល់ថា​គាត់​ជា​​ខ្មោច?
ទី​បំផុត​ លោក​យាយ​ក៏​បាន​ឡើង​ឡាន​ជិះ​ជាមួយ​ពួក​គេ។
បុល​គិត​ថា​នេះ​ជា​ឱកាស​នឹង​សួរ​នាំ​លោក​យាយ​រឿង​ឆ្នេរ​សុខសាន្ត​ចម្លែក​នេះ។
«យាយ​គឺ​ជា​អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​តាម​ផ្លូវ​នេះ ហើយ​​យាយ​មក​លក់​នៅ​ទី​នេះ​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ជីវិត​ផង និង​ចាំ​ផ្លូវ​កូន​ៗ​ផង​ ព្រោះ​ពួក​គេ​យក​​យាយ​មក​ឱ្យ​រស់​នៅ​ទី​នេះ​តែ​ម្នាក់​ឯង ហើយ​យូរ​ៗ​ម្ដង​ទើប​ពួក​គេ​មក​លេង!»
ស្ដាប់​ការ​រៀបរាប់​ដ៏​គួរ​ឱ្យ​ខ្លោច​ចិត្ត​របស់​លោក​យាយ​ដែល​ខ្លួន​ចាស់​ហើយ​ ម៉ានិត​បាន​ដក​ប្រាក់​១០​ដុល្លារ​ជូន​លោក​យាយ​​ដើម្បី​ទុក​ទិញ​ចំណី​អាហារ​ និង​ជូន​ថែម​​ទឹក​ផ្លែ​ឈើ​២​កំប៉ុង​ទុក​គ្រាន់​ពិសា។

….​ភូមិ​តូច​មួយ​លេច​ឡើង​ខាង​មុខ​ពួកគេ​ដូច​យាយ​ស្លៀក​ស​អះអាង​មែន តែ​ហាក់​​មាន​​តែ​ផ្ទះ​ខ្ទម​តូចៗ ​ហើយ​ត្រូវ​ដើរ​ចូល​ទៅ​ក្នុង​តាម​ច្រក​ផ្លូវ​ឆ្ការ​តូច​ចង្អៀត​ផង។
វណ្ណា​​​ជួយ​យួរ​បង្វេច​លោក​យាយ ហើយ​តាម​គាត់​ឆ្ពោះ​​ទៅ​ផ្ទះ​តូច​មួយ​ដំបូង​គេ។
ដោយ​បាន​ស្គាល់​ផ្លូវ ពេល​ចេញ​ពី​ភូមិ​លោក​យាយ​មក​វិញ​ ពួក​គេ​ទាំង​៤​បាន​រក​ឃើញ​ឆ្នេរ​ដែល​ជា​​គោលដៅ​បោះ​តង់។

….​ម៉ោង​ជិត​៨​យប់​ទៅ​ហើយ។
​គ្មាន​ទេ​​មនុស្ស​ម្នា​​ មាន​តែ​សូរ​​ទឹក​សមុទ្រ​ និង​ខ្យល់​ជំនោរ​ពេល​យប់​ដ៏​បរិសុទ្ធ។ ពួក​គេ​រើ​​អីវ៉ាន់​ចុះ​ពី​ក្នុង​ឡាន​ ហើយ​វណ្ណា​​ចាប់ផ្ដើម​រើស​មែក​ឈើ​តូចៗ​មក​បង្កាត់​ជា​ភ្នក់​ភ្លើង កំដរ​អារម្មណ៍​ បំភ្លឺ​ទាំង​បំបាត់​ខ្យល់​រងា។
ក្នុង​រាត្រី​ដ៏​អណ្ដែតអណ្ដូង គ្មាន​គេ​រំខាន ​វិបុល​និង​វណ្ណា​បបួលគ្នា​ដើរ​ស្រូប​ខ្យល់​តាម​បណ្ដោយ​ឆ្នេរ។
«អា​ចាន់ ​វា​មិន​ព្រម​មក! រាង​វា​គឺ​ខ្លាច​ ហាស​ហា!» ​គេ​ទាំង​ពីរ​និយាយ​ដើម​មិត្ត។
«អ៊ីចឹង​បាន​ជា​ឃើញ​វា​ឱ្យ​ម៉ានិត​នៅ​ជាមួយ​ក្បែរ​តង់!»
«វា​ចេក​ទេ​ដឹង​អ្ហា៎?!»
«ចេក​ស្អី​? សង្សារ​ម៉ាប្លូន!»

មើល​ពី​ឆ្នេរ​ទៅ គេ​អាច​ឃើញ​កោះ​តូច​មួយ​ហាក់​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ។ ​សំឡេង​អ្វី​មួយ​មក​ប៉ះ​ត្រចៀក​វណ្ណា។ ពី​ដំបូង​ គេ​គិត​ថា​វា​ជា​សំឡេង​សត្វ​យំ​ តែ​ស្ដាប់​យូរ​ៗ​ទៅ វា​ហាក់​ដូច​ជា​សំឡេង​នរណា​ម្នាក់​កំពុង​ហៅ​ឈ្មោះ​គេ​ ហើយ​ស្រែក​ឱ្យ​ជួយ។
វណ្ណា​ចាប់​ផ្ដើម​នៅ​មិន​សុខ ព្រោះ​សភាព​លើ​ឆ្នេរ​នេះ​រាង​ងងឹត​ទៅ​ៗ បន្ទាប់​ពី​ព្រះ​ចន្ទ​ត្រូវ​បាំង​ដោយ​ផ្ទាំង​ពពក​ដែល​ហើរ​មក​កាត់។ វណ្ណា​ប្រាប់​ខ្លួន​ឯង​ថា​មិន​ឱ្យ​ខ្លាច​ដែរ តែ​សំឡេង​នោះ​រឹត​តែ​ឮ​ឡើង​ៗ​ពេញ​ក្នុង​ត្រចៀក​ ច្បាស់​ណាស់​ វា​ជា​សំឡេង​មនុស្ស​ស្រី​កំពុង​ហៅ​ឈ្មោះ​គេ​ម្ដង​ហើយ​ម្ដង​ទៀត។
វណ្ណា​ទប់​មិន​បាន​​ក៏​​ប្រាប់​រឿង​នេះ​ទៅ​វិបុល៖
«អ្ហែង​ឮ​សំឡេង​អ្នក​ណា​ប្លែកៗ​អត់​អ្ហា៎?!»
«មាន​ឯណា? សត្វ​យំ​ទេ​អ្ហី? ឱ្យ​តែ​មេឃ​ងងឹត ​មនុស្ស​ច្រើន​គិត​ស្រមើស្រមៃ​ផ្ដេសផ្ដាស​ឮ​នេះ​ឮ​នោះ​អ៊ីចឹង​ហើយ!»
គេ​ចុច​បើក​ពិល​ក្នុង​ដៃ​ ហើយ​​​រេ​ទៅ​លើ​ផ្ទៃ​ទឹក​ដោយ​ចៃដន្យ ភ្លាម​នោះ ​អ្វី​ម្យ៉ាង​ហាក់​កំពុង​អណ្ដែត​ក្នុង​ទឹក។
«ស្អី​ហ្នឹង  រាង​មូល​ដូច​ជា​ក្បាល​មនុស្ស​ម៉េះ?!» វណ្ណា​និយាយ​រញីរញ័រ។
វិបុល​​បញ្ចាំង​ពិល​ទៅ​ក្នុង​ផ្ទៃ​ទឹក​ម្ដង​ទៀត​ តែ​មិន​បាន​ឃើញ​ស្រមោល​នោះ​ទេ។

នៅ​មិន​ឆ្ងាយ​ពី​ឆ្នេរ​នេះ​ប្រហែល​៥០០​ម៉ែត្រ​ ព្រៃ​ដុះ​ស៊ុបទ្រុប​ មាន​ស្នាម​ផ្លូវ​តូច​មួយ ​ស្មៅ​រាប​ដោយ​អន្លើ​ ហាក់​បង្ហាញ​ថា​ផ្លូវ​តូច​នេះ​មាន​មនុស្ស​ដើរ​ឆ្លង​កាត់​មិន​ច្រើន​ទេ។ ផ្ទុយ​ពី​ការ​គិត នៅ​ខាង​ចុង​ផ្លូវ​តូច​ មាន​កូន​ផ្ទះ​ឈើ​មួយ​ដុត​ចង្កៀង​ភ្លឺ​ផ្លុងៗ​ ស្ងាត់​ជ្រងំ​ ឮ​តែ​សំឡេង​ទឹក​រលក​ទៅ​មក​ និង​សត្វ​សមុទ្រ​យំ​ចេចចាច​ មើល​ទៅ​ដូច​ផ្ទះ​ខ្មោច​ក្នុង​​កុន។
មើល​តាម​ប្រលោះ​ជញ្ជាំង​ គេ​អាច​ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​ក្បែរ​នារី​ម្នាក់​ដែល​អង្គុយ​លើ​កៅអី​នៅ​ពី​មុខ​កញ្ចក់។ ទឹក​មុខ​បុរស​នោះ​បង្ហាញ​ស្នាម​ញញឹម​ដោយ​ក្ដី​ស្រលាញ់​ចំពោះ​នាង​ មើល​ទៅ​ពួក​គេ​ទំនង​ជា​ប្ដី​ប្រពន្ធ​ទើប​រៀបការ​ថ្មី​ថ្មោង ព្រោះ​បើ​តាម​អាយុ​ពួក​គេ​មិន​ទាន់​លើស​៣០​ឆ្នាំ​ផង។ បុរស​ជា​ប្ដី​កំពុង​សិត​សក់​ឱ្យ​នាង​ពី​មុខ​កញ្ចក់​ដោយ​ការ​យក​ចិត្ត​ទុក​ចិត្ត​ និង​ស្និទ្ធស្នាល។
«សក់​អូន​ចាប់​ផ្ដើម​ដុះ​វែង​ជាង​មុន​ហើយ​តើ​! មួយ​រយៈ​នេះ អូន​គួរ​ឱ្យ​ស្រលាញ់​ណាស់​ដឹង​ទេ​!?»
នាង​មិន​ទាន់​តប​ថា​យ៉ាង​ណា​ផង​ គេ​និយាយ​ត​៖
«យើង​នឹង​នៅ​ជាមួយ​គ្នា​ក្នុង​សភាព​ស្ងប់​ស្ងាត់ គ្មាន​អ្នក​រំខាន​បែប​នេះ​រហូត​! គ្មាន​អ្នក​ណា​អាច​មក​បំបែក​ពួក​យើង​បាន​ទៀត​ទេ​! ហើយ​មិន​យូរ​ប៉ុន្មាន​ ពួក​យើង​នឹង​មាន​កូន​ បង​ចង់​ឱ្យ​ថ្ងៃ​នោះ​មក​ដល់​ឆាប់​ៗ​ដល់​ហើយ​!»
ថា​ហើយ គេ​ញញឹម​សម្លឹង​ទៅ​កញ្ចក់​មើល​មុខ​នារី​ក្នុង​បេះដូង​របស់​គេ ទោះ​នាង​ហាក់​ស្លេក​ស្លក់​ និង​ស្គម​បន្តិច​ក៏​ដោយ​។ គេ​និយាយ​បណ្ដើរ​ លើក​ដៃ​ស្ទាប​ពោះ​នាង​បណ្ដើរ​បង្ហាញ​ក្ដី​សុខ​ក្នុង​ជីវិត​។
…………………………….

នៅ​ឯ​ណេះ​ ចាន់​និង​ម៉ានិត​កំពុង​អង្គុយ​អាំង​ភ្លើង​ក៏​ឃើញ​វណ្ណា​និង​វិបុល​វិល​មក​ពី​ដើរ​លំហែ​វិញ។
«គ្នា​ឃើញ​ក្បាល​មនុស្ស​លឹប​ល​ក្នុង​ទឹក!»
បុល​បន្លាច​ចាន់ ​ចាន់​ចាប់ផ្ដើម​ស្លេក។ វណ្ណា​និង​វិបុល​សើច​ក្អាកក្អាយ៖
«និយាយ​លេង​ទេ​វ៉ី! អា​ឡប់​នេះ​ភ័យ​មើល​តែ​មនុស្ស​ស្រី! អា​វណ្ណា​ វា​ស្រវាំង​ភ្នែក​សោះ! ​ដល់​អញ​​ចាំង​ពិល​ទៅ​មើល​​គ្មាន​ឃើញ​ស្អី​​ផង!»
វណ្ណា​ប្រកែក៖
«​ស្រវាំង? អញ​ឃើញ​ច្បាស់​នឹង​ភ្នែក​ណា៎ ដូច​សក់​មនុស្ស! ហើយ​មុន​ហ្នឹង ឮ​សំឡេង​ស្រី​ស្រែក​ឱ្យ​ជួយ​ទៀត!»
បុល​សើច​ក្អាកក្អាយ៖
«ប្រូ​ណាស់ អា​ប្រូ!»
ទោះ​បុល​ខំ​បង្វែរ ​តែ​មនុស្ស​ខ្លាច​ដូច​ចាន់​ឮ​អ៊ីចឹង​ហើយ ​​នៅ​ឯណា​សុខ?

​គេ​រំអុក​មិត្តភ័ក្ដិ​ត្រលប់​ទៅ​វិញ​ទាំង​យប់​ តែ​ត្រូវ​មិត្តភ័ក្ដិ​លួង​លោម។
វណ្ណា​ពី​មាត់​ធ្លាប់​តែ​ចចេចចចូច​ឌឺ​ដង​ឱ្យ​ចាន់​ ពេល​នេះ​បែរ​ជា​លែង​មាន​ពាក្យ​អី​ឆ្លើយឆ្លង​ជាមួយ​ពួក​គេ។ គេ​នៅ​ស្ងៀម​ មិន​មែន​ខ្លាច​ទេ តែ​កំពុង​គិត​ថា​ ខ្លួន​ឯង​ដល់​ថ្នាក់​ចូល​វ័យ​រវើរវាយ​ ឬ​មក​ពី​អ្វី​ម្យ៉ាង?
យប់​ជ្រៅ​ហើយ…. ពួក​គេ​ក៏​​នាំ​គ្នា​ចូល​ដេក​ដោយ​បំបែក​គ្នា​ជា​ពីរ​កន្លែង។ វណ្ណា​និង​ម៉ានិត​ដេក​ក្នុង​តង់​ក្បែរ​ភ្នក់​ភ្លើង ឯ​វិបុល​និង​ចាន់​ចូល​ដេក​ក្នុង​ឡាន​ដែល​នៅ​ខាង​លើ​ផ្លូវ ព្រោះ​ចាន់​មិន​ទុក​ចិត្ត​ការ​ដេក​ក្នុង​តង់ ​ហើយ​ក្បែរ​មាត់​សមុទ្រ​បែប​នេះ​ទៀត​ទេ។
ចាន់​ទើប​តែ​ប្រាស់​ខ្នង​​​បន្តិច ​ស្រាប់តែ​ឮ​សំឡេង​មនុស្ស​ស្រែក​ និង​​ស្នូរ​ជើង​រត់​ប្រសាច។
ចាន់​ដែល​រៀប​នឹង​បិទ​ភ្នែក​ដេក​ទៅ​ហើយ ​លូក​ដៃ​ទៅ​អង្រួន​ខ្លួន​វិបុល​ឱ្យ​ភ្ញាក់​ឡើង។
វិបុល​មិន​ទាន់​ឆ្លើយ​អ្វី​ផង​​​ ស្នូរ​គោះ​កញ្ចក់​ឡាន​តូក​ៗ​លាន់​មក។ ​អ្វី​ម្យ៉ាង​កំពុង​តែ​អើត​មក​ពី​ចំហៀង​ឡាន​របស់​ពួក​គេ។ ចាន់​​អង្រួន​ខ្លួន​វិបុល​ញាប់​ជាង​មុន។

ការ​ពិត​នោះ​គឺ​វណ្ណា​មិត្តភ័ក្ដិ​របស់​គេ​សោះ​ ធ្វើ​ឱ្យ​អ្នក​នៅ​ក្នុង​ឡាន​ហាក់​បាន​ធូរ​ចិត្ត​បន្តិច​វិញ។
ចុះ​ហេតុ​អី​ពេល​នេះ​ គេ​បែរ​ជា​រត់​ត្រហេបត្រហប​ម​ក​គោះ​កញ្ចក់​ឡាន​ទាំង​យប់​បែប​នេះ​ទៅ​វិញ?
ពេល​ចូល​មក​ក្នុង​ឡាន​​ទាំង​អស់​គ្នា​ហើយ​ វណ្ណា​រៀបរាប់​ថា​ពេល​កំពុង​ដេក​តង់​​ គេ​ឮ​សំឡេង​មនុស្ស​ស្រី​និយាយ​អ្វី​រអ៊ុះ​ៗ​តែ​ម្នាក់​ឯង​ ដូច​ជា​មាន​យំ​សោក​ផង។ វណ្ណា​ពី​ដំបូង​គិត​ថា​មិន​ចង់​រវល់​ទេ ព្រោះ​លើ​ឆ្នេរ​ដាច់​ស្រយាល​យ៉ាង​នេះ​មាន​មនុស្ស​ស្រី​ឯណា​មក​យំ​ទាំង​យប់​បែប​នេះ? តែ​ស្ដាប់​យូរ​ៗ​ទៅ​ទើប​ដឹង​ថា​ មាន​សំឡេង​មនុស្ស​មួយ​ក្រុម​មក​និយាយ​លេង​នឹង​នាង ដោយ​មាន​សំឡេង​សើច​សប្បាយ។ វណ្ណា​ទ្រាំ​ស្ដាប់​យូរ​ទៅ ស្មាន​តែ​មាន​ក្រុម​ទេសចរ​ទើប​មក​ដល់​ដែរ ក៏​ចេញ​ទៅ​មើល តែ​មិន​ឃើញ​មាន​មនុស្ស​ណា​នៅ​ក្បែរ​កន្លែង​ដេក​របស់​គេ​សោះ។

​គេ​គិត​ថា​អាច​ជា​ខ្មោច តែ​ក្រោយ​មក​គិត​ថា​មិន​មែន​ទេ ព្រោះ​សំឡេង​អ៊ូអរ​នោះ​បាន​បង្ហើរ​មក​តាម​ខ្យល់។ វណ្ណា​ក៏​ដើរ​តាម​សំឡេង​មនុស្ស​មួយ​ក្រុម​នោះ​ ហើយ​បាន​ឃើញ​មនុស្ស​ទាំង​នោះ​កំពុង​តែ​អង្គុយ​ជុំ​គ្នា​ជុំវិញ​របស់​ម្យ៉ាង។ ក្នុង​ពេល​កំពុង​ចង់​ដឹង​ពី​ក្រុម​មនុស្ស​ទាំង​នោះ វណ្ណា​ឈាន​ជើង​ដើរ​ទៅ​ក្បែរ​ពួក​គេ​ទាំង​មិន​ដឹង​ខ្លួន។ ពេល​ទៅ​ដល់​ជិត​ ម្នាក់​ក្នុង​ចំណោម​នោះ​ងាក​មក​រក​វណ្ណា ​ហើយ​ញញឹម។ វា​មិន​មែន​ជា​ស្នាម​ញញឹម​ដ៏​រួសរាយ​របស់​មនុស្ស​មិន​ធ្លាប់​ស្គាល់​គ្នា​ទេ តែ​វា​ជា​ស្នាម​ញញឹម​ដ៏​គួរ​ឱ្យ​ស្រៀវ​ឆ្អឹង​ខ្នង ព្រោះ​ម្នាក់​នោះ​គ្មាន​ភ្នែក​ គ្មាន​ច្រមុះ​ មាន​តែ​មាត់​សើច​ចេញ​រង្វះ​ធំៗ​ មុខ​មាត់​ហើម​ស្ពុល​ រង្វង់​ភ្នែក​ខ្មៅ​តែ​មិន​ឃើញ​គ្រាប់​ភ្នែក​ ចំណែក​ខោ​អាវ​ដាច់​រយ៉ីរយ៉ៃ​អស់។
បាន​ន័យ​ថា ​ពួក​គេ​ពិត​ជា​មិនមែន​មនុស្ស​ទេ។

វណ្ណា​ចិត្ត​ចង់​រត់​ទៅ​ឱ្យ​ផុត​ពី​ទី​នោះ​ភ្លាម​ៗ​តែ​ម្ដង តែ​មិន​ដឹង​យ៉ាង​ម៉េច គេ​បាន​ត្រឹម​តែ​បើក​ភ្នែក​ធំៗ ហារ​មាត់ ​តែ​ស្រែក​មិន​ឮ ​ព្រោះ​មិន​ដឹង​បាត់​សំឡេង​ទៅ​ណា​អស់​ ចំណែក​ជើង​ហាក់​ត្រូវ​បាន​គេ​កប់​ក្នុង​ខ្សាច់​យ៉ាង​ជ្រៅ​ព្រោះ​ឈាន​ទៅ​ណា​មិន​រួច​ មាន​តែ​ឈរ​ឆ្កុប​នៅ​មើល​ខ្មោច​ទាំង​នោះ​ហោះ​មក​សន្សឹម​ៗ​មក​ក្បែរ។
ដូច​ជា​គុណ​បុណ្យ​ជួយ វណ្ណា​នឹក​ឃើញ​សូត្រ​ធម៌​ដែល​លោក​តា​គេ​បាន​បង្រៀន​កាល​ពី​ក្មេង​បី​ចប់​ទាំង​ញ័រ​ខ្លួន​ចំប្រប់​ ហើយ​ភ្នែក​បិទ​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ស្ថានភាព​ពេល​នោះ។ គ្រាន់​តែ​សូត្រ​ចប់ ព្រលឹង​ខ្មោច​ទាំង​នោះ​ក៏​រលាយ​បាត់​ ទុក​តែ​វណ្ណា​ឈរ​ល្ហល្ហេវ​ម្នាក់​ឯង​លើ​ឆ្នេរ​ខ្សាច់​នោះ។ គេ​បើក​ភ្នែក​មក​វិញ​ មិន​ឃើញ​អ្វី​គួរ​ឱ្យ​ខ្លាច​ដូច​កាល​ពី​មុន​នេះ ក៏​ឈាន​ជើង​រត់​មក​វិញ​សំដៅ​រក​ឡាន​ដែល​មាន​វិបុល​និង​ចាន់​នៅ​ដេក​ទី​នោះ។

ចុង​ក្រោយ ពួក​គេ​ក៏​គិត​គ្នា​ថា​ទៅ​ដេក​នៅ​ផ្ទះ​សំណាក់​ក្បែរ​នោះ។ មើល​ពី​ក្រៅ ​ផ្ទះ​សំណាក់​នេះ​ចាស់​សម្បើម​ណាស់​ ហើយ​មិន​សូវ​មាន​ពន្លឺ​ភ្លើង​គោម​បំភ្លឺ​ទេ។ បើ​មាន​ជម្រើស​ផ្សេង ពួក​គេ​ច្បាស់​ជា​មិន​មក​ដេក​នៅ​ទី​នោះ​ទេ។ នេះ​ជា​ផ្ទះ​សំណាក់​ដែល​មាន​ពីរ​ជាន់ ហើយ​នៅ​ជាន់​ទទួល​ភ្ញៀវ​ខាង​ក្រោម​មិន​សូវ​ភ្លឺ​ទេ មាន​តែ​ភ្លើង​ពណ៌​ពងមាន់​ព្រឹម​ៗ ឃើញ​មុខ​អ្នក​ទទួល​ភ្ញៀវ​ស្ទង់​ៗ។ ចាន់​រាង​ធូរ​ចិត្ត​បន្តិច​​ ពេល​បាន​ចូល​មក​ដល់​ក្នុង​បន្ទប់​ផ្ទះ​សំណាក់ ទោះ​បី​វា​មិន​ធំ​ ហើយ​មិន​សូវ​ត្រជាក់​ដូច​ខាង​ក្រៅ តែ​គេ​ហាក់​មាន​អារម្មណ៍​ថា​នេះ​ជា​កន្លែង​សុវត្ថិភាព​មួយ​សម្រាប់​យប់​នេះ។
នៅ​ខាង​ក្រៅ​ផ្ទះ​នេះ​មាន​ដើមឈើ​ និង​វល្លិ​ដុះ​ពេញ​ មិន​ដឹង​ថា​គេ​មក​លម្អ​ដោយ​ព្រៃ​ឈើ​ដូច​នៅ​កណ្ដាល​ព្រៃ​បែប​នេះ​ដើម្បី​ទាក់ទាញ​សត្វ​ព្រៃ ឬ​អ្នក​មក​លេង​ទេ។

តែ​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ វិបុល​ឈឺ​នោម​ចង់​ក្រោក​ទៅ​បន្ទប់​ទឹក។ ឆ្លងកាត់​រឿង​ជា​ច្រើន​ គេ​រាង​ស្រៀវ​មិន​ចង់​ក្រោក​ទៅ​ទេ តែ​គិត​ចុះ​គិត​ឡើង ទៀង​វា​មិន​ឈ្នះ​ទាល់ ​ក៏​ដាច់​ចិត្ត​ងើប​យឺតៗ​ដើរ​ទៅ។
វិបុល​ហាក់​ឮ​សំឡេង​ទឹក​ហូរ​នៅ​ខាង​ក្នុង​ដូច​ជា​មាន​មនុស្ស​កំពុង​នៅ​ក្នុង​នោះ។ គេ​ងាក​មក​មើល​គ្នី​គ្នា​ដែល​កំពុង​ដេក​លង់​លក់​ ឃើញ​គ្រប់​គ្នា ​គ្មាន​បាត់​អ្នក​ណា​ឡើយ។ នេះ​មាន​ន័យ​ថា បើ​មាន​មនុស្ស​នៅ​ក្នុង​បន្ទប់​ទឹក​ គឺ​ជា​អ្នក​ផ្សេង​ក្រៅ​ពី​ក្រុម​របស់​គេ?
គេ​​យក​ដៃ​បើក​ភ្លើង​ ហើយ​ចូល​ទៅ​ទាំង​បិទ​ភ្នែក… បើក​ភ្នែក​មក​វិញ ផ្ទៃ​បន្ទប់​ទឹក​នេះ​គ្មាន​អ្វី​ទាំង​អស់….

រួច​រាល់​ហើយ​ រូត​ខោ​រៀប​នឹង​ដើរ​ចេញ​មក​វិញ​ គេ​ស្រាប់​តែ​មាន​អារម្មណ៍​ថា​ អី​ម្យ៉ាង​ក្នុង​ចាន​បង្គន់​កំពុង​កម្រើក​ រសេមរសាម​ចេញ​មក​ក្រៅ។ ព្រះ​អើយ តាម​ពិត​គឺ​សក់​មនុស្ស​ស្រី​ដែល​ងើប​ឡើង​មក​បន្តិច​ម្ដងៗ​ពី​ក្នុង​បង្គន់។ សក់​នាង​រាយ​ប៉ាយ រត់​វើកៗ​ដូច​ជន្លេន​សំដៅ​មក​រក​វិបុល​ដែល​កំពុង​បើក​ភ្នែក​ធំ​ៗ។ លេប​ទឹក​មាត់​មួយ​ក្អឿក វិបុល​ស្រែក​យក៍​ៗ មិន​ខ្លាច​បែក​សំឡេង​ផ្អើល​អស់​ពួក​ម៉ាក​ដែល​កំពុង​ដេក។ ទ្វារ​នៅ​បិទ​ជាប់​ពី​ខាង​ក្នុង ទោះ​បី​បី​នាក់​ដែល​នៅ​ខាង​ក្រៅ​ប្រឹង​ទាញ​បើក​យ៉ាង​ណា​ក៏​មិន​របេះ។ អ្នក​ទាំង​បី​​សម្រុក​បុក​ទ្វារ​ចូល​ទៅ ឃើញ​វិបុល​កំពុង​ដេក​សន្លប់​បាត់​ស្មារតី​តែ​ម្នាក់​ឯង​ ក៏​ជួយ​លើក​គ្រា​មក​លើ​គ្រែ​វិញ ​ហើយ​អង្រួន​ដាស់​ឱ្យ​ដឹង​ខ្លួន។ ពេល​ដឹង​ខ្លួន​មក​វិញ វិបុល​ប្រញាប់​តឿន​មិត្តភ័ក្ដិ​ឡើង​ឡាន​មក​វិញ​ទាំង​មេឃ​មិន​ទាន់​ភ្លឺ។

ព្រហាម​ឃើញ​ព្រិល​ៗ​ទៅ​ហើយ នៅ​តាម​ផ្លូវ​មក​វិញ ពួក​គេ​មិន​បាន​ឃើញ​ភូមិ​តូច​របស់​យាយ​លក់​វត្ថុ​អនុស្សាវរីយ៍​នោះ​ទៀត​ទេ តែ​គេ​ឃើញ​មាន​​ផ្នូរ​បី​បួន​ក្នុង​នោះ​ជំនួស​ទៅ​វិញ។ ក្នុង​ចំណោម​ផ្នូរ​ទាំង​នោះ​ ពួក​គេ​បាន​ឃើញ​កំប៉ុង​ទឹក​ផ្លែ​ឈើ​​និង​ក្រដាស​ប្រាក់​១០​$ ដែល​ម៉ានិត​បាន​ដក​ជូន​លោក​យាយ​កាល​ពី​យប់​មិញ​នេះ។ នេះ​បាន​ន័យ​ថា​….?
ចេញ​ដល់​ថ្នល់​ជាតិ​ ពួក​គេ​បាន​អែប​ឡាន​នៅ​តូប​លក់​ទឹក​អំពៅ​មួយ​កន្លែង​សួរ​នាំ​ពី​ផ្លូវ​ចូល​ទៅ​ឆ្នេរ​នោះ។ មីង​អ្នក​លក់​ទឹក​អំពៅ​ប្រាប់​ថា​ ផ្លូវ​ចូល​ទៅ​ក្នុង​នោះ​មាន​កន្លែង​កប់​ខ្មោច​មួយ ហើយ​មាន​លោក​យាយ​ម្នាក់​បន្ទាប់​ពី​ស្លាប់​ក៏​ត្រូវ​កូន​ៗ​យក​មក​បញ្ចុះ​នៅ​ទី​នោះ ដោយ​យូរ​ឆ្នាំ​ម្ដង​ទើប​នាំ​គ្នា​មក​សែន​ផ្នូរ​លោក​យាយ។

មក​ដល់​ភ្នំពេញ​វិញ ពួក​គេ​ក៏​បំបែក​គ្នា​ចូល​ផ្ទះ​រៀង​ខ្លួន​ ទាំង​ទឹក​មុខ​ស្លេក​ៗ សើច​លែង​ចេញ។
«វណ្ណា​មក​វិញ​ហើយ​អ្ហី​កូន​? ដូច​ឆាប់? ក្រែង​ថា​ទៅ​ពីរ​យប់?​?» ម្ដាយ​វណ្ណា​សួរ។
«ទៅ​អត់​សប្បាយ​ផង​! » វណ្ណា​ដោះសា។
«អឺ​ អ៊ីចឹង​ឆាប់​ទៅ​ងូត​ទឹក​ទៅ នឹង​អាល​មក​ញ៉ាំ​បាយ!»
តែ​ដល់​បន្ទប់​ភ្លាម​ មិន​ទាន់​បាន​ងូត​ទឹក​ផង វណ្ណា​ដេក​ស្ប៉ាប​លើ​គ្រែ​លង់លក់​ភ្លេច​អស់​រឿង​កាល​ពី​យប់។
អ្វីមួយ​កើត​ឡើង​ក្នុង​សុបិន​គេ….
«កុំ​រត់​! ឱ្យ​តែ​ហ៊ាន​រត់​ទៀត​ បង​នឹង​សម្លាប់​អូន​ចោល​ហើយ​!» បុរស​ម្នាក់​កំពុង​រត់​តាម​នារី​ម្នាក់​ពី​ក្រោយ ដោយ​ក្នុង​ដៃ​មាន​កាន់​កាំបិត​មួយ​ផង។
នាង​មិន​តប​ទៅ​គេ​ទេ គិត​តែ​ពី​ប្រឹង​វែក​ស្មៅ​រត់​ទីណាត់ទីណែង​រក​ប្រាស​អាយូស។

នាង​ជា​មនុស្ស​ស្រី​មិន​អាច​រត់​បាន​លឿន ដូច​មនុស្ស​ប្រុស​ទេ ម្យ៉ាង​ខ្លួន​នាង​ស្គម​ផង មើល​ទៅ​គ្មាន​បាន​ញ៉ាំ​អី​គ្រប់​គ្រាន់​ទេ។ នាង​កាន់​តែ​ប្រឹង​រត់​ គេ​កាន់​តែ​ស្រែក​ហៅ​នាង​ដោយ​ទឹក​មុខ​ឃោរឃៅ​ ហើយ​ត្របាញ់​ជើង​រត់​តាម​ពី​ក្រោយ។ រត់​ទៅ​មុខ​ទៀត​បាន​តែ​បន្តិច នាង​ក៏​ជំពប់​ជើង​ដួល ហើយ​បុរស​កំណាច​ក៏​មក​ដល់។ គេ​ចាប់​ក្របួច​សក់​នាង​អូស​បណ្ដើរ​បញ្ច្រាស​ត្រលប់​ទៅ​វិញ កាត់​ស្មៅ​កាត់​ខ្សាច់​ ទោះ​នាង​ស្រែក​យំ​យ៉ាង​ណា​ក៏​មិន​ខ្វល់។
មក​ដល់​ផ្ទះ ជន​កំណាច​នោះ​ក៏​ចាប់​នាង​ចង​ដៃ​ទៅ​ក្រោយ​ជាប់​នឹង​សសរ​ផ្ទះ រួច​ក៏​ដើរ​ហួស​ទៅ​កូន​តុ​បើក​ថត​យក​របស់​អ្វី​ម្យ៉ាង។
«ដេត​លែង​ខ្ញុំ​ទៅ​! ម៉ាក់ប៉ា​ខ្ញុំ​មាន​លុយ​ច្រើន​! ខ្ញុំ​អាច​ឱ្យ​គាត់​ឱ្យ​លុយ​ដេត​ច្រើន​តាម​ដែល​ដេត​ចង់​បាន​! កុំ​ធ្វើ​បាប​ខ្ញុំ​អី​ណា​!» នាង​យំ​អង្វរ​បុរស​នោះ​ដែល​កំពុង​ឈរ​បែរ​ខ្នង​រក​របស់​ក្នុង​ថត​តុ។

ពី​ដំបូង​ គេ​ស្រែក​ហៅ​នាង​សុទ្ធ​តែ​អូន ចុះ​ហេតុ​អី​នាង​បែរ​ជា​ហៅ​ឈ្មោះ​គេ ហើយ​មិន​បាន​ប្រើ​ភាសា​ស្នេហា​ដែល​គេ​ហៅ​នាង​?
«​អ្នក​ណា​ថា​បង​ចង់​បាន​លុយ​ប៉ា​ម៉ាក់​អូន​? បង​ស្រលាញ់​អូន! លុយ​គ្មាន​តម្លៃ​សម្រាប់​បង​ទេ​!» គេ​ងាក​មក​ប្រកែក​ទាំង​កំហឹង​។
«តែ​ខ្ញុំ​មិន​បាន​ស្រលាញ់​ដេត​ទេ​! ឱ្យ​ខ្ញុំ​ទៅ​វិញ​ទៅ​! ដេត​នឹង​អាច​រក​មនុស្ស​ស្រី​ម្នាក់​ល្អ​ជាង​ខ្ញុំ ហើយ​គេ​នឹង​ស្រលាញ់​ដេត​!» នាង​តវ៉ា​។
«អ្នក​ផ្សេង​ស្អី​? បង​ខំ​សន្សំ​លុយ​ទៅ​ចូល​ស្ដី​ដណ្ដឹង​អូន! តែ​ម៉ាក់ប៉ា​ឆ្កួត​យក៍​របស់​អូន មិន​ព្រម​លើក​អូន​ឱ្យ​បង​ធ្វើ​អី?​! គាត់​ចង់​បាន​ប្ដី​អ្នក​មាន​ឱ្យ​កូន​គាត់​ណាស់​អ្ហេស? អា​លូវ​ឱ្យ​គាត់​ដេក​ឱប​រូបថត​កូន​ស្រី​គាត់​ទៅ!» គេ​ហាក់​មិន​ស្រាន្ត​កំហឹង ពេល​នឹក​ដល់​​រឿង​អតីត។
គេ​ដើរ​មក​វិញ មាន​កន្ត្រៃ​ក្នុង​ដៃ​ ហើយ​ដៃ​ម្ខាង​ទៀត​លូក​មក​ក្របួច​សក់​នាង​ជា​ថ្មី…

«វណ្ណា!… វណ្ណា!… មាន​រឿង​អី​កូន​? បើក​ទ្វារ​ឱ្យ​ម៉ាក់​មើល​!… វណ្ណា​…»
វណ្ណា​ស្រែក​ហត់​​គឃូស​ភ័យ​ជំនួស​នារី​កម្សត់​ក្នុង​សុបិននិមិត្ត….
ប៉ុន្តែ​ហេតុ​អី​ក៏​គេ​មក​យល់សប្ដិ​ចម្លែក​បែប​នេះ​ទៅ​វិញ​? ​​នាឡិកា​វាយ​ម៉ោង​១២​ថ្ងៃ​ត្រង់​ហើយ​…. គេ​ក្រោក​មិងមាំង​ទៅ​បើក​ទ្វារ​ឱ្យ​ម្ដាយ ​ហើយ​រៀបរាប់​រឿង​ទាំង​អស់​ប្រាប់​គាត់…
ម្ដាយ​វណ្ណា​ហាក់​មិន​ស្រណុក​ចិត្ត ក៏​ឱ្យ​វណ្ណា​ជូន​គាត់​ទៅ​វត្ត​ប្រាសាទ​ឱ្យ​លោក​តា​រំដោះ​គ្រោះ​ឱ្យ។
ព្រះ​សង្ឃ​ដែល​ពួក​គេ​មក​ជួប​នេះ​ត្រូវ​ជា​លោក​តា​ខាង​ប៉ា​របស់​វណ្ណា​ដែល​បាន​​បួស​រៀន​​ចាស់​វស្សា និង​ពូកែ​ខាង​គន់គូរ​ផ្លូវ​ងងឹត​ផង។

លោក​តា​មាន​សង្ឃដីកា​ប្រាប់​ថា អ្នក​ដែល​ព្រម​យក​របស់​គេ គឺ​ស្ម័គ្រ​ចិត្ត​ជួយ​គេ​ហើយ!
ម្ដាយ​វណ្ណា​ងាក​មើល​មុខ​កូន​ ព្រោះ​មិន​យល់។ មួយ​សន្ទុះ​ក្រោយ​មក វណ្ណា​ក៏​នឹក​ឃើញ​ចិញ្ចៀន​មួយ​វង់​ដែល​គេ​ទទួល​បាន​ពី​លោក​យាយ​នៅ​តាម​ផ្លូវ​ទៅ​ឆ្នេរ​នោះ ហើយ​លោក​យាយ​នោះ​ប្រាប់​គេ​ថា​មិន​ឱ្យ​ប្រាប់​អ្នក​ណា។
គេ​មិន​បាន​ដឹង​ទេ​ថា​ រឿង​ពាក់ព័ន្ធ​នឹង​វត្ថុ​នោះ​គឺ​កាល​ពី​២​ខែ​មុន​ មាន​ការ​ប្រកាស​ដំណឹង​ស្វែង​រក​កូន​ស្រី​អ្នក​លក់​មាស​នៅ​ផ្សារ​អូរ​ឫស្សី​ម្នាក់​ដែល​ល្បី​ថា ​ត្រូវ​គេ​ចាប់​ជំរិត​យក​ទៅ​បាត់​ដំណឹង។
វណ្ណា​ស្រមៃ​ដល់​នារី​បាត់​ខ្លួន​ដែល​ចាន់​បាន​អាន​លើ​ក្រដាស​ខ្ចប់​ចេកចៀន។ តើ​នាង​ឬ​ដែល​ជា​ម្ចាស់​ចិញ្ចៀន? ហើយ​នឹង​ជា​នារី​កម្សត់​ក្នុង​សុបិននិមិត្ត​របស់​គេ​?

«បើ​កូន​ខ្ញុំ​ករុណា​បោះ​ចោល​ចិញ្ចៀន​នោះ​បាន​ទេ​ លោក​តា?» ម្ដាយ​វណ្ណា​សួរ​ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​កូន។
«ទោះ​ចៅ​វណ្ណា​ចោល ក៏​ចិញ្ចៀន​នោះ​ទៅ​ណា​មិន​ឆ្ងាយ​ពី​គេ​ដែរ! ព្រោះ​នេះ​ជា​វាសនា​ដែល​គេ​ត្រូវ​តែ​ជួយ​នាង! ទៅ​កន្លែង​ដើម​ដែល​ចៅ​ទទួល​បាន​របស់​នោះ ហើយ​ស្វែង​រក​ព្រលឹង​នាង មុន​ពេល​ដែល​នាង​លែង​អាច​ចូល​ខ្លួន​នាង​វិញ​បាន! ព្រលឹង​នាង​ចេញ​ពី​ខ្លួន​៦​ថ្ងៃ​ហើយ! បើ​លើស​ពី​៧​ថ្ងៃ នាង​នឹង​ចូល​ខ្លួន​វិញ​លែង​បាន​ ហើយ​មិន​អាច​ទៅ​ចាប់ជាតិ​បាន​ទៀត!»
«មាន​ពេល​តែ​មួយ​ថ្ងៃ​ទេ?!»
ក្រាប​បង្គំ​លា​លោក​តា​ចេញ​មក​វិញ វណ្ណា​ទាក់ទង​ទៅ​មិត្ត​គេ​ជា​បន្ទាន់​​រៀបរាប់​ដំណើរ​រឿង​ប្រាប់​ពួក​ម៉ាក​ទាំង​៣​ រួច​ក៏​នាំ​គ្នា​ទៅ​រក​គ្រូ​ខ្មែរ​ម្នាក់​ដែល​ល្បី​ខាង​បញ្ជាន់​រូប​នៅ​ម្ដុំ​កៀន​ស្វាយ។
ផ្ទះ​យាយ​គ្រូ​នៅ​ក្បែរ​កូន​ព្រែក​តូច​មួយ​ដាច់​តែ​ឯង។ ពេល​ដើរ​ទៅ​ដល់​ ពួក​គេ​ខំ​អើត​មើល​​មិន​ឃើញ​មាន​មនុស្ស​សោះ មាន​តែ​ផ្ទះ​ស្ងាត់​និង​ឆ្មា​ខ្មៅ​មួយ​ក្បាល​នៅ​ក្បែរ​ជណ្ដើរ​សម្លឹង​មកពួក​គេ​ដោយ​ភ្នែក​ពណ៌​លឿង។ ភ្លាម​ៗ​ ពួក​គេ​​ស្រាប់​តែ​ភ្ញាក់​ព្រើត​ ព្រោះ​ឮ​សំឡេង​យាយ​គ្រូ​នោះ​ស្រែក​ឱ្យ​ឡើង​មក​ខាង​លើ ​ហើយ​ក្រឡេក​ទៅ​មើល​លើ​ផ្ទះ ឃើញ​គាត់​មក​ឈរ​ក្បែរ​មាត់​បង្អួច​សម្លឹង​មក​តាំង​ពី​ពេល​ណា​ក៏​មិន​ដឹង។

គ្រូ​បញ្ជាន់​រូប​នោះ​ដូច​ដឹងរឿង​មុន ក៏​បាន​ឱ្យ​វណ្ណា​ដោះ​ចិញ្ចៀន​នោះ​មក​ដាក់​លើ​ជើង​ពាន រួច​មាត់​សូត្រ​ជីប​អូចៗ ដៃ​កាន់​ធូប​៥​សរសៃ​សូត្រ​ផ្លុំ​ទៅ​លើ​ចិញ្ចៀន​នោះ ២​ទៅ​៣​នាទី ទម្រាំ​រូប​គាត់​ប្រែ​ទៅ​ញ័រ​រញ្ជួយ​អស់​ខ្លួន​ពី​ក្បាល​ដល់​ចុង​ជើង លេច​ចេញ​មុខ​មនុស្ស​ស្រី​វ័យ​ម្ភៃ​ជាង​ម្នាក់។
អេះអុញ​ៗ កេះកៀវ​គ្នា​ក្នុង​សភាព​ភ័យ វណ្ណា​លេប​ទឹក​មាត់​ក្អឹក សួរ​ញ័រៗ​ទៅ​កាន់​រូប​នារី​ក្មេង​នោះ៖
«គឺ​នាង​មែន​ទេ​ដែល​ជា​ម្ចាស់​ចិញ្ចៀន?»
«មែនហើយ! បង​ជួយ​ខ្ញុំ​ផង! ពេល​នេះ​ព្រលឹង​ខ្ញុំ​ចាប់​ផ្ដើម​ចុះ​ខ្សោយ​ហើយ ព្រោះ​ខ្ញុំ​ជិត​ដល់​ពេល​ចូល​រាង​កាយ​ខ្លួន​ឯង​លែង​បាន​ហើយ​!»
«ចុះ​ហេតុ​អី​ព្រលឹង​នាង​ចេញ​ពី​ខ្លួន​បែប​នេះ?» ហាក់​លែង​សូវ​ខ្លាច វណ្ណា​សួរ​បន្ត។
«គឺ​គេ​ខាប​ព្រលឹង​ខ្ញុំ​ចេញ​ពី​ខ្លួន​ ដើម្បី​កុំ​ឱ្យ​រត់​ចោល​គេ!»
«គេ​នោះ គឺ​ដេត​នោះ​មែន​ទេ?»
​នាង​មិន​តប​ តែ​ងក់​ក្បាល​បញ្ជាក់​ចម្លើយ​ថា​ត្រឹម​ត្រូវ។

«ចុះ​ឥលូវ​ ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ជួយ​នាង​បាន​?»
«បង​ត្រូវ​ទៅ​ផ្ទះ​ដេត ហើយ​រក​រូប​ក្រមួន​​ដែល​គេ​ស្មូន​ដោយ​យក​សក់​ខ្ញុំ​ទៅ​សូត្រ​ខាប​ព្រលឹង​ខ្ញុំ​ចេញ​នោះ និង​នាំ​រាង​កាយ​ខ្ញុំ​មក​ឱ្យ​គ្រូ​យាយ​នេះ​ហៅ​ចូល​ខ្លួន​វិញ​មុន​យប់​ស្អែក​! បើ​មិន​អ៊ីចឹង ខ្ញុំ​លែង​បាន​ក្លាយ​ជា​មនុស្ស​ហើយ!»
«ចុះ​ពួក​ខ្ញុំ​ធ្វើ​ម៉េច​ដឹង​ថា ផ្ទះ​អា​ម្នាក់​ឈ្មោះ​ដេត​នោះ​នៅ​ឯ​ណា​ទៅ?» វិ​បុល​លាន់​មាត់​ឥត​ព្រាង​ទុក។
«ទៅ​តាម​ផ្លូវ​ឆ្នេរ​ដែល​ពួក​បង​ទៅ​កាល​ពី​ម្សិល​មិញ​ទៅ ហើយ​ខ្ញុំ​នឹង​សុំ​ឱ្យ​គ្រូ​យាយ​នេះ​ខាប​ព្រលឹង​ខ្ញុំ​ចូល​ក្នុង​ចិញ្ចៀន​នេះ​សិន ដើម្បី​ប្រាប់​ផ្លូវ​ពួក​បង​!»

ថា​ហើយ រូប​គ្រួ​បញ្ជាន់​រូប​នោះ​ក៏​ទៅ​ជា​រញ្ជួយ​ម្ដង​ទៀត រួច​ដួល​ត្មោល​ទៅ​លើ​ក្ដារ​ផ្ទះ ទំនង​ព្រលឹង​នាង​ចេញ​ទៅ​វិញ​ហើយ។
ក្រោយ​ពី​បាន​ដឹង​រឿង​ហើយ បុរស​ទាំង​៤​ចេញ​ពី​ភ្នំ​ពេញ​ម្ដង​ទៀត​យ៉ាង​តក់​ក្រហល់ សូម្បី​តែ​ចាន់​ក៏​លែង​ខ្លាច​ដែរ​ ព្រោះ​ចិត្ត​ចង់​ជួយ​ជីវិត​មនុស្ស​។ ដោយ​មាន​ការ​ប្រាប់​ផ្លូវ​ពី​វិញ្ញាណ​នារី​ក្នុង​ចិញ្ចៀន ពួក​គេ​ទៅ​ដល់​ឆ្នេរ​នោះ​ម្ដង​ទៀត​នៅ​ម៉ោង​៤​ល្ងាច។
ពួក​គេ​ចត​ឡាន​នៅ​អែប​ផ្លូវ​ដែល​មាន​ស្មៅ​ក្រាស់​ៗ​ជួយ​បាំង ហើយ​ដើរ​ចូល​ទៅ​ផ្ទះ​ស៊ី​ដេត​ បុរស​រោគ​ចិត្ត​ដោយ​មាន​ចិញ្ចៀន​នៅ​នឹង​ដៃ​វណ្ណា។ ទៅ​ដល់ គេ​ឃើញ​បុរស​នោះ​ដើរ​ចេញ​មក​ទំនង​ក្រេវក្រោធ​ ព្រោះ​មិន​សម​ថា​គេ​ខំ​គេច​មក​ដល់​ទី​នេះ​ហើយ នៅ​មាន​អ្នក​មក​តាម​រក​ឃើញ​ទៀត។ បុរស​យើង​ទាំង​បួន​ធ្វើ​ជា​វង្វេង​ផ្លូវ ហើយ​សុំ​ផ្ទះ​បុរស​នោះ​ស្នាក់​មួយ​យប់ ​ព្រោះ​គ្មាន​អី​ធ្វើ​ដំណើរ ហើយ​មិន​ស្គាល់​ផ្លូវ​ផង។ ​ស៊ីដេត​ព្រម​ឱ្យ​អ្នក​ទាំង​៤​ដេក​នៅ​ក្រៅ​មាត់​ទ្វារ ហើយ​ហាម​ចូល​ក្នុង​ផ្ទះ​ ព្រោះ​គេ​មាន​ប្រពន្ធ​ទើប​កូន​ខ្ចី។

អ្នក​ទាំង​៤​ក៏​ធ្វើ​ជា​យល់​ព្រម ហើយ​នាំ​គ្នា​ធ្វើ​ជា​ដេក​លក់​បាន​មួយ​សន្ទុះ វណ្ណា​លួច​ក្រោក​ឡើង​មើល​តាម​ប្រលោះ​ជញ្ជាំង​បាក់​បែក​តូច​មួយ​ ឃើញ​ក្នុង​ផ្ទះ​ពិត​ជា​មាន​រាងកាយ​នារី​រងគ្រោះ​នោះ​មែន។ នាង​អង្គុយ​លើ​កៅអី​តែ​គ្មាន​វិញ្ញាណ​ ហើយ​ស៊ីដេត​កំពុង​អង្គុយ​ក្បែរ​បញ្ចុក​បាយ​នាង ទាំង​ដែល​នាង​មិន​អាច​ហើប​មាត់ ហើយ​កំពប់​ជ្រុះ​ប្រឡាក់​ពេញ​ខ្លួន​ទើរ​ពេញ​ដី។ គេ​ឮ​បុរស​នោះ​រអ៊ូ​អុះៗ​ម្នាក់​ឯង​នៅ​ពី​មុខ​រាង​កាយ​នាង៖
«មាន​អា​អ្នក​មក​ចង់​រំខាន​ក្ដី​សុខ​យើង​ទៀត​ហើយ! តែ​អូន​កុំ​ព្រួយ​អី​វី​ បង​នឹង​នាំ​អូន​ទៅ​កន្លែង​ផ្សេង​ដែល​ពួក​វា​រក​យើង​លែង​ឃើញ! បង​ចង់​តែ​សម្លាប់​ពួក​វា​ចោល​ទេ​ តែ​បង​បាន​សន្យា​នឹង​អូន​ហើយ​ថា ឱ្យ​តែ​អូន​លែង​រត់​ចោល​បង បង​នឹង​លែង​ធ្វើ​បាប​អ្នក​ណា​ទាំង​អស់!»

ស៊ីដេត​ធ្លាប់​រៀន​របៀន​ខាប​ព្រលឹង​ពី​សាច់​ញាតិ​គេ​កាល​ពី​នៅ​ក្មេង ហើយ​ពេល​នេះ​ដោយ​សារ​តែ​ខ្លាច​នាង​រត់​ចោល​គេ​ គេ​សុខ​ចិត្ត​ប្រើ​របៀន​នោះ​មក​ខាប​វិញ្ញាណ​នាង​ចេញ​ពី​ខ្លួន ទោះ​បី​ត្រូវ​រស់​នៅ​ជាមួយ​រាងកាយ​ដែល​ដូច​សាកសព ក៏​ល្អ​ជាង​ត្រូវ​ភ័យ​ព្រួយ​ខ្លាច​នាង​រត់​ដែរ។
វណ្ណា​រេ​ភ្នែក​ទៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ផ្ទះ ប្រាថ្នា​រក​មើល​រូប​ក្រមួន​តំណាង​ឱ្យ​ផាវី​ តែ​គេ​រក​មើល​មិន​ឃើញ​សោះ។ គេ​ដើរ​ត្រលប់​មក​ធ្វើ​ជា​ដេក​លក់​កុំ​ឱ្យ​​ស៊ីដេត​កើត​ចិត្ត​សង្ស័យ។ ស៊ីដេត​ក៏​បើក​ទ្វារ​មក​អើត​មើល​ពួក​គេ​ទាំង​៤​មែន។

យប់​កាន់​តែ​ជ្រៅ ​ស៊ីដេត​​អៀវ​នារី​កម្សត់​​ចេញ​តាម​ទ្វារ​ក្រោយ បម្រុង​ចុះ​ទូក​ចែវ​ទៅកាន់​​កោះ​ខាង​មុខ​នោះ។ វា​ដូច​ជា​គួរ​ឱ្យ​អស់​សំណើច​ដែល​ធ្វើ​ដំណើរ​លើ​សមុទ្រ​ ហើយ​គេ​មក​ប្រើ​ទូក​ចែវ តែ​គេ​មិន​បាន​គិត​អី​ទៀត​ឡើយ ព្រោះ​អ្វី​ដែល​គេ​គិត​នោះ​ គឺ​ធ្វើ​យ៉ាង​ណា​រក​កន្លែង​មួយ​ផ្សេង​ទៀត​សម្រាប់​គេ​និង​ផាវី។
វណ្ណា​ដាស់​ម៉ានិត​តាម​ពី​ក្រោយ​ពួក​គេ​ទាំង​ពីរ តែ​ទម្រាំ​ទៅ​ទាន់​ ស៊ីដេត​កំពុង​ចែវ​ទូក​ខ្វៃ​ៗ​ក្នុង​សមុទ្រ ដោយ​មាន​រាង​កាយ​ផាវី​ដេក​ស្ដូក​ស្ដឹង​ក្បែរ​គេ​នោះ​ផង ​គឺ​ទៅ​​បាន​ឆ្ងាយ​គួរ​សម​ដែរ​ហើយ។ គេ​ងាក​មក​ថា​ឱ្យ​វណ្ណា​និង​ម៉ានិត​ដែល​នៅ​លើ​គោក​នេះ​ផង៖
«ឯង​គិត​ថា​យើង​ល្ងង់ មិន​ដឹង​គម្រោង​ឆ្កួត​ៗ​របស់​ពួក​ឯង​ហ្នឹង​អ្ហេស? ចង់​បំបែក​អូន​វី​ពី​យើង​ផង​? គ្មាន​ផ្លូវ​ទេ​អា​ពួក​ឆ្កួត​អើយ! ហាហា…» ពេល​នេះ​គេ​រឹត​តែ​ដូច​មនុស្ស​ឆ្កួត គឺ​លែង​ដឹង​អ្វី​ខុស អ្វី​ត្រូវ​ទៀត​ហើយ។

មិន​យូរ​ប៉ុន្មាន វិបុល​ដែល​មុន​នេះ​បាន​ទាក់ទង​ប៉ូលិស ពួកគេ​​ក៏​មក​ដល់​។ ប៉ុន្តែ​ពួកគេ​​គ្មាន​ទូក​ទេ ធ្វើ​ម៉េច​អាច​តាម​បុរស​រោគ​ចិត្ត​បាន​ទៅ?
ប៉ូលិស​បាន​ស្រែក​គំរាម​បាញ់​ បើ​គេ​នៅ​តែ​ប្រឹង​បន្ត​ទៅ​មុខ តែ​មនុស្ស​ដូច​ស៊ីដេត​លែង​ខ្លាច​ស្លាប់​ទៅ​ហើយ​ គេ​នៅ​តែ​ប្រឹង​ចែវ​ទៅ​មុខ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ជាមួយ​សំណើច​សប្បាយ​ចិត្ត​លាយ​កំហឹង។ មិន​ដឹង​យ៉ាង​ម៉េច វណ្ណា​ក្រឡេក​ទៅ​ខាង​ឆ្វេង​ដៃ​ ស្រាប់​តែ​ឃើញ​កាណូត​តូច​មួយ​ដែល​អាច​ជិះ​គ្នា​បាន​បី​បួន​នាក់។
មិន​ទុក​ឱ្យ​ហួស​ពេល វណ្ណា​និង​ប៉ូលិស​២​នាក់​ទៀត​ចេញ​កាណូត​ទៅ​ភ្លាម ធ្វើ​ឱ្យ​ស៊ីដេត​ប្រែ​ពី​សើច​ទៅ​ជា​ស្រឡាំងកាំង​ ប្រឹង​បង្កើន​ល្បឿន​ដៃ​ចែវ​បណ្ដើរ​ និយាយ​នឹង​រាងកាយ​ផាវី​បណ្ដើរ៖
«វា​កំពុង​តាម​មក​រំខាន​យើង​ទៀត​ហើយ​វី! តែ​អូន​កុំ​ភ័យ​ បង​មិន​ព្រម​ឱ្យ​ពួក​វា​បាន​សម្រេច​បំណង​ទេ! យើង​នឹង​នៅ​ជាមួយ​គ្នា!»

ពេល​ទូក​ប៉ូលិស​ទៅ​ដល់ ស៊ីដេត​លើក​កូន​កាំបិត​មក​ភ្ជង់​រេ​ទៅ​ប៉ូលិស​និង​វណ្ណា​ដូច​មនុស្ស​លែង​មាន​សតិ។ ក្រោយ​មក​ ប៉ូលិស​ក៏​លើក​កាំភ្លើង​ភ្ជង់​ទៅ​ឱ្យ​គេ​ដាក់​កាំបិត​ចុះ នាយ​ស៊ីដេត​ក៏​រេ​កាំបិត​មក​ប្រុង​អារ​ក​ផាវី​ជំនួស​វិញ។ វណ្ណា​ស្រែក​ទៅ​ឃាត់​ស៊ីដេត៖
«ឯង​កុំ​ធ្វើ​អី​នាង​ណា​ដេត! ឯង​កុំ​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​ទោស​កាន់​តែ​ធ្ងន់​អី​! លែង​នាង​ទៅ​!»
«ឯង​មក​ចេះ​អី​រឿង​ប្ដី​ប្រពន្ធ​យើង​? យើង​ស្រលាញ់​នាង​​ណាស់​! បើ​ឯង​ហ៊ាន​តែ​ចូល​មក​ យើង​នឹង​ស្លាប់​ទាំង​ពីរ​នាក់​!»
«តែ​នាង​បាន​ស្លាប់​រួច​ទៅ​ហើយ​! គឺ​ឯង​ជា​អ្នក​ធ្វើ​ឱ្យ​នាង​ស្លាប់​ជា​យូរ​មក​ហើយ! ឯង​សម្លាប់​សុភមង្គល​ និង​ក្ដី​សុខ​របស់​នាង! ឯង​មិន​បាន​ស្រលាញ់​នាង​ទេ! ឯង​ជា​មនុស្ស​អាត្មា​និយម! លែង​នាង​ទៅ!»
«អត់​ទេ! យើង​គ្មាន​ផ្លូវ​ឱ្យ​នាង​ទៅ​ចោល​យើង​ទេ! វី អូន​ឆាប់​ប្រាប់​ពួក​វា​ទៅ ថា​យើង​ស្រលាញ់​គ្នា​ណាស់​! ប្រាប់​ពួក​វា​ទៅ ថា​កុំ​ឱ្យ​មក​រំខាន​យើង​ទៀត​! វី អូន​ប្រាប់​ពួក​វា​ទៅ​….ហ៊ឺហ៊ឺ…» ស៊ីដេត​ស្រែក​យំ​រៀបរាប់​បណ្ដើរ យក​ដៃ​អង្រួន​រាងកាយ​ផាវី​ដែល​កំពុង​ស្ដូកស្ដឹង​ដូច​សាកសព​នោះ​បណ្ដើរ។

«គឺ​ឯង​កំពុង​ធ្វើ​ឱ្យ​ខ្លួន​ឯង​លង់​កាន់​តែ​ជ្រៅ​ហើយ ទោះ​បី​នាង​ស្លាប់​ឬ​រស់​ ក៏​នាង​មិន​ព្រម​ស្រលាញ់​មនុស្ស​អាត្មានិយម​ដូច​ឯង​នេះ​ដែរ​! បើ​ឯង​ស្រលាញ់​នាង​មែន ឯង​មិន​មែន​ធ្វើ​បាប​នាង​ដល់​ថ្នាក់​នេះ​ទេ​! នេះ​អ្ហេះ​ពាក្យ​ដែល​ឯង​ស្រែក​ក្ដែងៗ​ថា​ ស្រលាញ់​នាង​???»
«មិន​បាច់​មក​ដៀល​យើង​ទេ​! យើង​ឆ្កួត​ឬ​ជា​ វា​ជា​ស្នេហា​របស់​យើង​និង​អូន​វី! ពួក​ឯង​ជា​អ្នក​ក្រៅ​មិន​ដឹង​រឿង​ទេ! យើង​នឹង​ស្លាប់​ទៅ​តាម​អូន​វី លែង​ឱ្យ​ពួក​ឯង​មក​រញ៉េរញ៉ៃ​នឹង​យើង​បាន​ទៀត​​!» ថា​ហើយ គេ​ក៏​លើក​កាំបិត​បម្រុង​ចាក់​ទ្រូង​ខ្លួន​ឯង​….
ផូង…​ ស្នូរ​គ្រាប់​ភ្លើង​ទី​១​របស់​ប៉ូលិស​បាញ់​ចំ​ដើម​ដៃ​របស់​ស៊ីដេត​ធ្វើ​ឱ្យ​គេ​គ្រវែង​កាំបិត​ធ្លាក់​ទៅ​ក្នុង​ទឹក​សមុទ្រ តែ​គេ​នៅ​អាច​ទប់​ជំហរ​មិន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ទៅ​ទឹក​បាន។ ឃើញ​ពេល​គេ​កំពុង​បាក់​ជំហរ​បែប​នេះ វណ្ណា​ក៏​ចុះ​ទៅ​ក្រៀក​ចាប់​គេ​ឱ្យ​ប៉ូលិស​ ព្រោះ​នៅ​ជាប់​គ្រាប់​ភ្លើង​នោះ ប៉ូលិស​បាន​លាប​សារជាតិ​ថ្នាំ​សន្លប់​ដើម្បី​ឱ្យ​គេ​បាត់​ស្មារតី។ រួច​ក្រុម​ប៉ូលិស​ក៏​បាន​នាំ​ពួក​គេ​ទាំង​អស់​គ្នា​មក​ដល់​លើ​គោក​វិញ​ដើម្បី​ចាត់ការ។

នៅ​ឯ​ផ្ទះ​នាយ​ស៊ីដេត​ឯណេះ​វិញ ចាន់​កំពុង​តែ​តាម​រក​រូប​ស្មូន​ដែល​តំណាង​ឱ្យ​ផាវី​មិន​ឃើញ​សោះ។ ឬ​មួយ​ក៏​នាយ​ស៊ីដេត​នោះ​យក​ទៅ​តាម​ខ្លួន ហើយ​ជ្រុះ​ចូល​ទឹក​ពេល​ប្រទាញប្រទង់​នៅ​លើ​ទូក? ចាន់​រេ​ភ្នែក​មើល​ពេញ​ក្នុង​ផ្ទះ​នៅ​តែ​មិន​ឃើញ​ មិន​ថា​ក្នុង​ថត​តុ កន្លុក​កន្លៀត​ណា​ទេ។ តែ​គេ​ចោល​ភ្នែក​ទៅ​ក៏​ឃើញ​រូប​ថត​ផាវី​នៅ​ជាប់​ជញ្ជាំង​ ហើយ​ទំនង​មាន​សរសៃ​អ្វី​នៅ​ជាប់​ពី​ខាង​ក្រោយ។ ពេល​ដោះ​រូប​ថត​នោះ​ចេញ​មក ឃើញ​ថា​ជញ្ជាំង​មាន​រូង​បួន​ជ្រុង​មួយ​ដែល​ដាក់​រូប​ស្មូន​ពី​ក្រមួន​នោះ​មែន។
រក​ឃើញ​អ្វី​គ្រប់​យ៉ាង​ហើយ ពួក​គេ​ទាំង​៤​ក៏​នាំ​រាង​កាយ​ផាវី​មក​រក​គ្រូ​បញ្ជាន់​រូប​នៅ​កៀន​ស្វាយ​ឯ​ណេះ​វិញ​ភ្លាម ព្រោះ​ខ្លាច​មិន​ទាន់​ពេល ព្រោះ​ព្រលឹង​នាង​ វណ្ណា​ក៏​ទាក់ទង​លែង​បាន​ដែរ។

នៅ​ផ្ទះ​យាយ​បញ្ជាន់​រូប រាង​កាយ​ផាវី​ត្រូវ​គេ​ដាក់​ដេក​ស្ដូកស្ដឹង​នៅ​ពី​មុខ​ចាន​ជើង​ធូប​មួយ​សំណុំ ទៀន​កំពុង​ឆេះ​រេ​ចុះ​ឡើង​មួយ​គូ​ និង​រូប​ស្មូន​របស់​នាង​ដែល​មាន​រុំ​ភ្ជាប់​សក់​​របស់​នាង​ផង។ យាយ​គ្រូ​សូត្រ​ចាប់ផ្ដើម​ពិធី​ហៅ​ព្រលឹង​នាង​មក​វិញ ហើយ​មិន​យូរ​ប៉ុន្មាន​ ផាវី​ក៏​ដឹង​ខ្លួន​វិញ​ដូច​មនុស្ស​ធម្មតា។
អាច​ថា​នេះ​គឺ​ជា​និស្ស័យ​ វណ្ណា​និង​ផាវី​ក៏​ចាប់​ផ្ដើម​ស្រលាញ់​គ្នា។ ហេតុ​នេះ​ទើប​នាង​ពឹង​ឱ្យ​ខ្មោច​លោក​យាយ​នៅ​ផ្លូវ​ចូល​ឆ្នេរ​នោះ ក្លែង​ជា​មនុស្ស ​ហើយ​ប្រគល់​ចិញ្ចៀន​របស់​នាង​ទៅ​វណ្ណា​ដើម្បី​ជួយ​នាង។ វណ្ណា​និង​ផាវី​ក៏​បាន​រៀបការ​នឹង​គ្នា​ដោយ​មាន​សម្លាញ់​អាប់​ទាំង​បី​ធ្វើ​ជា​អ្នក​កំដរ។ ចំណែក​បុរស​រោគ​ចិត្ត​ស៊ីដេត​កំពុង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​វិកល​ចរិត ​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ និង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ពី​បទ​ពង្រត់​និង​បង្ខាំង​ទុក​មនុស្ស​ខុស​ច្បាប់​តាម​ការ​សន្មត់​​របស់​ច្បាប់។

ការ​ពិត គ្មាន​ឆ្នេរ​សុខសាន្ត​អី​នោះ​ទេ វា​គ្រាន់​តែ​គម្រោង​ការ​របស់​ខ្មោច​ដែល​នៅ​កន្លែង​កប់​ខ្មោច​នោះ ដើម្បី​ឱ្យ​អ្នក​ទាំង​៤​បាន​ទៅ​ដល់​កន្លែង​ស្នាក់​នៅ​របស់​នាយ​ស៊ីដេត​ប៉ុណ្ណោះ។ ហើយ​កាណូត​នោះ​ក៏​ក្រុម​ខ្មោច​នោះ​ជា​អ្នក​ចាត់​ការ​ជួយ​​ដែរ! គិត​ទៅ ខ្មោច​ក៏​ចេះ​រៀប​គម្រោងការ​បោក​មនុស្ស​ដែរ​តើ!

No comments:

Post a Comment