ការសិក្សាថ្មីមួយបានរកឃើញថា ការឈរឲ្យបានយ៉ាងតិច២ម៉ោងក្នុងមួយថ្ងៃអំឡុងពេលនៃម៉ោងធ្វើការ គឺមានផលល្អដល់យើងគ្រប់គ្នា ដោយវាជួយឲ្យរូបរាងអ្នកសមសួននិងមានសុខភាពមាំមួនល្អ។ ការឈរអាចជួយបង្ការខ្លួនអ្នក ពីការប្រឈមនឹងជំងឺផ្សេងៗដូចជា៖ ជំងឺទឹកនោមផ្អែម, ភាពធាត់ជ្រុល និង ជំងឺផ្សេងៗទៀតដែលទាក់ទងនឹងទម្លាប់មិនល្អនៃការរស់នៅប្រចាំ ថ្ង ក៏ដូចជាជំងឺលើសឈាមជាដើម។
តាមការស្រាវជ្រាវបានបង្ហាញថា យើងគួរក្រោកឈរជារៀងរាល់ថ្ងៃឲ្យបានយ៉ាងហោចណាស់ពី ៣ ទៅ៤ម៉ោងក្នុងរយៈពេលមួយថ្ងៃនៃពេលវេលាធ្វើការ។ដើម្បីឲ្យការងារនៅតែមានប្រសិទ្ធភាព នៅក្នុងការិយាល័យ គួរមានប្រភេទតុដែលអាចឲ្យបុគ្គលិកឈរ ឬអង្គុយធ្វើការបានតាមជម្រើស និងពេលវេលាដែលគេចង់បានផ្លាស់ប្តូរចលនា នោះការធ្វើដូចនេះនឹងមិនប៉ះពាល់ដល់គុណភាពនៃការងារឡើយ។
ជាធម្មតាសម្រាប់អ្នកដែលធ្វើការក្នុងការិយាល័យភាគច្រើន តែងចំណាយពេលពី ៧០ទៅ៨០ភាគរយនៃម៉ោងការងារអង្គុយនៅតុការងារតែមួយកន្លែង។ការអូសបន្លាយពេលវេលាអង្គុយយូរដូចនេះ ដោយមិនបានធ្វើការផ្លាស់ប្តូរចលនានៃរាងកាយគឺអាចធ្វើឲ្យពួកគេ ប្រឈមនឹងជំងឺទឹកនោមផ្អែម, លើសសម្ពាធឈាម និងភាពធាត់ជ្រុល។
ការធ្វើសកម្មភាពស្រាលៗដូចជា ដើរជុំវិញតុការិយាល័យ,ក្រោកឈរពត់ពេនខ្លួនបន្តិច បន្ទាប់ពីរយៈពេល ៣០ ទៅ៤០នាទីនៃការអង្គុយធ្វើការ និងការផ្លាស់ប្តូរស្ថានភាពនៃការអង្គុយធ្វើការ គឺអាចជួយកាត់បន្ថយភាពឈឺចាប់ និងចុករោយរបស់សាច់ដុំខ្នង និងចង្កេះ។ វិធីនេះអាចសម្រេចទៅបាន ដោយបុគ្គលិកអាចឈរធ្វើការជាមួយនឹងតុធ្វើការប្រភេទឈរ ឲ្យបាន ២ទៅ ៣ម៉ោងក្នុងមួយថ្ងៃ។
ដើម្បីសុខភាព និងគុណភាពនៃការងារ និយោជក់គួរគិតគូរក្នុងការបង្កើតបរិយាកាសការងារដែលមានផាសុកភាពដល់បុគ្គលិកក្នុងការធ្វើការដើម្បីឲ្យពួកគេមានសុខភាពផ្លួវចិត្ត និងផ្លូវកាយល្អ ដែលអាចឲ្យក្រុមហ៊ុនទទួលបាននូវគុណភាពការងារពីបុគ្គលិកបានយ៉ាងមានប្រសិទ្ធភាព ដោយមិនខាតបង់ពីការបាត់បង់ធនធានមនុស្ស និងពេលវេលាដោយសារបុគ្គលិកមានបញ្ហាសុខភាពឡើយ៕
No comments:
Post a Comment